Thursday, January 21, 2016

ADB-Japan ផ្តល់​អាហារូបករណ៍​ជាច្រើន​ដល់​និស្សិត​ប្រទេស​កំពុង​អភិវឌ្ឍ​


រដ្ឋាភិបាល​ជប៉ុន តាមរយៈ​កម្មវិធី​អាហារូបករណ៍​ធនាគារ​អភិវឌ្ឍន៍អាស៊ី​-​ជប៉ុន (The Asian Development Bank-Japan Scholarship Program) ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧ​ត្ត​មសិ​ក្សា​ជាច្រើន​កន្លែង​ដល់​និស្សិត​កម្ពុជា និង​និស្សិត​ក្នុងប្រទេស​កំពុង​អភិវឌ្ឍ​ដទៃទៀត ក្នុង​ឆ្នាំ​សិក្សា ២០១៦ និង​២០១៧​។
​ ​ធនាគារអភិវឌ្ឍន៍អាស៊ី​-​ជប៉ុន (ADB-JSP) ផ្តល់​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧ​ត្ត​ម​សិក្សា​លើ​មុខ ជំនាញ រួមមាន សេដ្ឋកិច្ច (Economics) ការគ្រប់គ្រង (Management) សុខាភិបាល (Health) ការអប់រំ (Education) កសិកម្ម (Agriculture) បរិស្ថាន (Environment) ការគ្រប់គ្រង​ធនធាន ធម្មជាតិ (Natural resource management) វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា (Science and Technology) និង​មុខជំនាញ​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​មួយចំនួនទៀត​។​
  ​បេក្ខជន​ជាប់​អាហារូបករណ៍​នឹង​ទទួលបាន​ការធានារ៉ាប់រង​ថ្លៃ​សិក្សា ម្ហូបអាហារ កន្លែង​ស្នាក់នៅ ឯកសារ​សិក្សា ធានារ៉ាប់រង​សុខភាព ថ្លៃ​ធ្វើដំណើរ និង​ចំណាយ​ផ្សេង​សម្រាប់ ការស្រាវជ្រាវ អំឡុងពេល​សិក្សា​។​  
​បេក្ខជន​មានបំណង​ចូលរួម​កម្មវិធី​អាហារូបករណ៍ ត្រូវបំពេញ​លក្ខខណ្ឌ​មួយចំនួន ដូចជា និស្សិត​កំពុង​ប្រទេស​អភិវឌ្ឍ មានបំណង​ចង់​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត មាន​បរិញ្ញាបត្រ ឬ​សញ្ញាបត្រ​សមមូល បទពិសោធន៍​ការងារ​ជំនាញ​យ៉ាងតិច ២​ឆ្នាំ សុខ​ភាពល្អ​មាំមួន និង​ចេះ ភាសា​អង់គ្លេស​ច្បាស់លាស់​។ បេក្ខជន​ត្រូវ​ត្រឡប់មក​ប្រទេស​កំណើត​វិញ បន្ទាប់ពី​បញ្ចប់​ការសិក្សា​ស្រាវជ្រាវ​ដោយ​ជោគជ័យ​។​
  ​លោកអ្នក​អាចដាក់​ពាក្យ និង​ទទួល​ព័ត៌មាន​បន្ថែម តាមរយៈ​គេហទំព័រ​អាហារូបករណ៍ http://www.adb.org/site/careers/japan-scholarship-program/main  ៕